ពិធីបញ្ចុះបឋមសិលាបេីកការដ្ឋានសាងសង់រោងចក្រនិងដំឡេីងរថយន្តក្រុមហ៊ុនKNN Group នៅស្រុកខ្សាច់កណ្ដាល

 

កណ្ដាល:នាព្រឹកថ្ងៃទី ២៦ ខែ កក្កដា ក្រុមហ៊ុន KNN Group បានរៀបចំពិធី បញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្តដែលទទួលបានការផ្តល់កិត្តិយសចូលរួមជាអធិបតីភាពដោយ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដែលបានសម្តែងនូវការអបអរសាទរចំពោះការសម្រេចចិត្តវិនិយោគដ៏ធំសម្បើមនេះ នៅក្នុងតំបន់ដែលនឹងចូលរួមចំណែកយ៉ាងសកម្មដល់កំណើនសេដ្ឋកិច្ចជាតិ។ ក្នុងកម្មវិធីនេះ ក៏មានការចូលរួមពីអ្នកឧកញ៉ា ជាម ឃុនណាត ប្រធានក្រុមប្រឹក្សាភិបាល KNN Group និងលោកជំទាវ, គណៈគ្រប់គ្រងជាន់ខ្ពស់, បុគ្គលិក, ដៃគូអាជីវកម្ម, អ្នកសារព័ត៌មាន និងភ្ញៀវកិត្តិយសជាច្រើនកុះករ។

 

គម្រោងរោងចក្រដំឡើងរថយន្ត JETOUR មានទុនវិនិយោគសរុប ២៨ លានដុល្លារអាមេរិក លើផ្ទៃដីសរុប ១០ ហិកតា ដែលរំពឹងថានឹងចាប់ផ្តើមខ្សែសង្វាក់ផលិតកម្មនៅដើមឆ្នាំ ២០២៧។ រោងចក្រនេះត្រូវបានរចនាឡើងជាមួយនឹងបច្ចេកវិទ្យាជំនាន់ចុងក្រោយ ដែលមានសមត្ថភាពផលិត និងដំឡើងរថយន្តបានជាង ២០,០០០ គ្រឿងក្នុងមួយឆ្នាំ។ រោងចក្រនេះមានសមត្ថភាពអាចផ្គុំដំឡើងរថយន្តច្រើនប្រភេទ រួមមាន រថយន្តប្រភេទចំហេះក្នុង (សាំង) ប្រភេទអគ្គីសនីលាយសាំង (PHEV) និងប្រភេទអគ្គីសនីសុទ្ធ (EV) គ្រប់ប្រភេទ ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក ក៏ដូចជាការត្រៀមខ្លួនសម្រាប់នាំចេញទៅកាន់ទីផ្សារតំបន់អាស៊ាននាពេលអនាគត់។