កំពង់ស្ពឺ, ដោយអនុវត្តតាមគោលការដឹកនាំរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈ អភិបាលខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់យ៉ាងម៉ឺងម៉ាត់ និងយកចិត្តទុកដាក់បំផុតពីសំណាក់លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ
ជាក់ស្តែងថ្មីៗនេះ កម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាប និងឃាត់ខ្លួនក្មេងទំនើងចំនួន ០៣ក្រុម ដែលមានគ្នាសរុបដល់ទៅ១៦នាក់ ដែលក្មេងទំនើងទាំងនេះតែងតែចូលចិត្តបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ ដែលបង្កឲ្យខូចសណ្តាប់ធ្នាប់សាធារណៈប៉ះពាល់ដល់សង្គម ជាពិសេសប៉ះពាល់ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ និងបង្កការភ័យខ្លាចដល់អ្នកជុំវិញខ្លួន ឈានទៅដល់ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិឪពុកម្តាយទៀតផង ដែលក្រុមទី០១ប្រព្រឹត្តកាលពីវេលាម៉ោង ០០:១០នាទី ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចវិមានឯករាជ្យ ស្ថិតនៅភូមិទួលគក់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ឈ្មោះ ធុល ជរា ភេទប្រុស អាយ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ ។
ចំណែកក្រុមទី០២បានប្រព្រឹត្តកាលពីវេលាម៉ោង០១:៥០នាទី ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចផ្សារកំពង់ស្ពឺ ផ្លូវលេខ១៤៣ ស្ថិតនៅភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០៨នាក់ មានឈ្មោះ ឈៀង ចំរើន ប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ឈ្មោះ ប៊ុនធឿន សុខឌឿន ប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ ឈ្មោះ ចំណាប់ ចំរើន ប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ឈ្មោះ ធឿន ប៊ុនថា ប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ឈ្មោះ សល់ មេសា ប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រ ឈ្មោះ សល់ ពុទ្ធស៊ឺ ប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ឈ្មោះ ធៀង លៀង ប្រុស អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ ឈ្មោះ ចិន ជីវ៉ូ ប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ។
ចំណែកក្រុមទី០៣ បានប្រព្រឹត្តកាលនៅវេលាម៉ោងបានប្រព្រឹត្តកាលពីវេលាម៉ោង២៣:២០នាទី ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចផ្លូវជាតិលេខ៤៤ ស្ថិតនៅភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០៧នាក់ មានឈ្មោះ សឿន វិសាល ប្រុស អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ ឈ្មោះ រស់ យុទ្ធ ប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករ ឈ្មោះ ថុល ជីវ័ន្ត ប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករ ឈ្មោះ មឹម ប៊ុនណា ប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ ឈ្មោះ សល់ ប៊ុននិតប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ ឈ្មោះ ហន ពៅ ប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ ឈ្មោះ ខុំ ហេង ប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ ។
វត្ថុតាងចាប់យករួមមាន ម៉ូតូ ចំនួន០៨គ្រឿង ម៉ូតូម៉ាកNex ចំនួន០២គ្រឿង (ម៉ាក NEX ពណ៌ខៀវ ឆ្នាំ២០១៩ ផ្លាកលេខ ភ្នំពេញ 1LC-9634, NEX ពណ៌លឿង ឆ្នាំ២០២៦ គ្មានផ្លាកលេខ) , ម៉ូតូម៉ាក HONDAចំនួន៦គ្រឿង (HONDA DREAM ពណ៌ខ្មៅ ឆ្នាំ២០២៦ ផ្លាកលេខ កំពង់ស្ពឺ 1AC-3996 , HONDA DREAM ពណ៌ខ្មៅ ឆ្នាំ២០២៦ ផ្លាកលេខ ភ្នំពេញ 1MC-6373 , HONDA DREAM ពណ៌ខ្មៅ ឆ្នាំ២០២៥ គ្មានផ្លាកលេខ,ម៉ាក HONDA DREAM ពណ៌ខ្មៅ ឆ្នាំ២០២៦ ផ្លាកលេខ កំពង់ស្ពឺ 1AC-2024 , HONDA DREAM ពណ៌ខ្មៅ ឆ្នាំ២០២៥ ផ្លាកលេខ ភ្នំពេញ 1LI-1089 , HONDA DREAM ពណ៌ខ្មៅ ឆ្នាំ២០២២ ផ្លាកលេខ កំពង់ស្ពឺ 1V-3498) ទូរស័ព្ទចំនួន ០៨គ្រឿង (ម៉ាក IPHONEចំនួន០៩គ្រឿង,ម៉ាក OPPO ០១គ្រឿង, ម៉ាក NUBIA ០១គ្រឿង, ម៉ាកTECNO ០១គ្រឿង , ម៉ាកINFINIX ០១គ្រឿង) ។
បច្ចុប្បន្នក្មេងទំនើងដែលបង្ហោះម៉ូទូទាំងនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ យកមកអប់រំណែនាំនិងធ្វើកិច្ចសន្យាចំពោះមុខ ម្តាយ ឪពុកនិងអាណាព្យាបាល ដើម្បីបញ្ឈប់រាល់សកម្មភាពទំនើងទាំងនេះដែលនាំឱ្យប៉ះពាល់ ជាហេតុដែលបំផ្លាញទ្រព្យសម្បត្តិក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្ករការភ័យខ្លាចដល់អ្នកជុំវិញ បង្កភាពអនាធិបតេយ្យក្នុងសង្គម ចំណែកម៉ូតូត្រូវដកហូតយកទៅរក្សាទុករយៈពេល០៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ៕

