ឯកឧត្តម ជុំ កុសល សំណូមពរដល់អ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងអ្នកប្រកបមុខរបរតាមប្រព័ន្ធ អនឡាញឱ្យប្រកាន់យកនូវក្រមសីលធម៌ខ្ពស់ក្នុងការផ្សព្វផ្សាយ

ភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន បានសំណូមពរដល់អ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងអ្នកប្រកបមុខរបរតាមប្រព័ន្ធអនឡាញជាដើម សូមឱ្យប្រកាន់យកនូវក្រមសីលធម៌ខ្ពស់ក្នុងការផ្សព្វ ផ្សាយដោយឯកឧត្តមរដ្ឋលេខាធិការបានចាត់ទុកក្រមសីលធម៌ថាមានសារៈសំខាន់ខ្លាំងណាស់ វាប្រៀបបានទៅនឹងគ្រឿងអលង្កាសម្រាប់តុបតែងលម្អរាងកាយរបស់មនុស្សម្នាក់ៗថែមទៀត។

ថ្លែងបើកសិក្ខាសាលាស្តីពី “រួមគ្នាលើកកម្ពស់សីលធម៌ តាមរយៈការផ្សព្វផ្សាយ” ដែលរៀបចំឡើងដោយក្រសួងព័ត៌មាន នៅទីស្តីការក្រសួងព័ត៌មាន ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ក្នុងគោលបំណងផ្សព្វផ្សាយសេចក្តីណែនាំអន្តរក្រសួង ដើម្បីជំរុញការលើកកម្ពស់វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ និងសីលធម៌ដ៏ផូរផង់របស់ជាតិខ្មែរ ជាពិសេសថែរក្សាកិត្តិយស សេចក្តីថ្លៃថ្នូរ និងគុណតម្លៃស្ត្រី ក្នុងបរិបទនៃ ការរីកចម្រើនផ្នែកឌីជីថល និងប្រព័ន្ធផ្សព្វផ្សាយ ដោយមានការចូលរួមពីបណ្តាអ្នកសារព័ត៌មាន អ្នកផលិតមាតិកា អ្នកកំពុងប្រកបមុខរបរតាមប្រព័ន្ធអនឡាញ សមាគមសិល្បៈ សិស្ស និស្សិត ប្រមាណជាង៣០០នាក់ ឯកឧត្តម ជុំ កុសល បានទទូចសូមឱ្យមានការ ចលរួមទាំងអស់គ្នាក្នុងការលើកកម្ពស់សីលធម៌នៅក្នុងការផ្សព្វផ្សាយ ទាំងរូបភាព ទាំងការប្រើប្រាស់ពាក្យពេជន៍ឱ្យប្រកបដោយសេចក្តីថ្លៃថ្នូរ និងមានវិជ្ជាជីវៈ ខណៈដែលក្រសួង ស្ថាប័នពាក់ព័ន្ធតែងតែបានណែនាំជាច្រើនលើកច្រើនសាររួចមកហើយក្នុងបញ្ហានេះ។ ឯកឧត្តមរដ្ឋលេខាធិការបានបន្តថា នៅពេលដែលបងប្អូនអ្នកសារព័ត៌មាន អ្នកធ្វើមាតិកា ជាពិសេសអ្នកប្រកបរបរតាមប្រព័ន្ធអនឡាញ ដែលភាគច្រើនមានការឡាយលក់ផលិតផលរបស់ខ្លួននៅតាមបណ្តាញសង្គមមានហ្វេសប៊ុកជាដើម ហើយបើនិយាយ ឬប្រើប្រាស់កាយវិការមិនសមរម្យណាមួយ មហាជនមួយចំនួនតែងតែស្តីបន្ទោសទៅលើក្រសួង ស្ថាប័ន រួមមាន ក្រសួងព័ត៌មាន ក្រសួងវប្បធម៌ ឬក្រសួងកិច្ចការនារី។ល។ថា មិនបានអប់រំចំពោះអ្នកសារព័ត៌មាន អ្នកផលិតមាតិកា ឬអ្នកឡាយលក់ផលិតផលជាដើម ខណៈដែលធាតុពិតគឺក្រសួង ស្ថាប័នពាក់ព័ន្ធ គឺបានធ្វើកិច្ចការនេះជាច្រើនណាស់មកហើយ តែសំខាន់នៅលើបុគ្គលខ្លួនឯងទៅវិញទេ។ ដូច្នេះ សូមបងប្អូនទាំងអស់គ្នាចូលរួមឱ្យបានសកម្មបំផុតក្នុងការលើកកម្ពស់សីលធម៌នៅក្នុងការផ្សព្វផ្សាយ ដោយក្រសួង ស្ថាប័នពាក់ព័ន្ធមិនអាចដឹកដៃបងប្អូនបានគ្រប់ពេល គ្រប់វេលានោះទេ។

ឯកឧត្តម ជុំ កុសល បានបន្ថែមថា ជាការពិតមានអ្នកលក់អនឡាញខ្លះ ដើម្បីឱ្យមានការទាក់ទាញមក លើផលិតផលរបស់ខ្លួនពីអតិថិជន ខ្លួនបែរជាទៅធ្វើរឿងជ្រុលហួសហេតុ ដែលនាំឱ្យខ្វះក្រមសីលធម៌ និងជះឥទ្ធិពលមិនល្អចំពោះសង្គមទៅវិញ។ ដូច្នេះ សូមបងប្អូនមួយចំនួនដែលធ្លាប់បានប្រព្រឹត្តខុសឆ្គង ងាកមកគិតគូពីបញ្ហានេះឡើងវិញ ដើម្បីកាត់បន្ថយ ឬលុបបំបាត់ឥទ្ធិពលអវិជ្ជមានពីការប្រើប្រាស់បណ្តាញសង្គម ខណៈដែលបច្ចេកវិទ្យាកំពុងរីកចម្រើនខ្លាំង ដោយយើងត្រូវប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយនេះឱ្យបានត្រឹមត្រូវ ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ខ្ពស់៕