សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បាននាំយកអំណោយ និងចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះចំនួន ២គ្រួសារ នៅភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ

ខេត្តកណ្តាល៖ ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះចំនួន ២គ្រួសារ នៅភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ បានទទួលអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល នារសៀល ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥។

 

ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា ដឹកនាំប្រតិភូចុះសួរសុខទុក្ខ ដោយនាំយកអំណោយមនុស្សធម៌ទៅឧបត្ថម្ភជូនដល់គ្រួសារជនរងគ្រោះទាំង២ដល់លំនៅឋានរបស់ជនរងគ្រោះផ្ទាល់នៅភូមិទួលក្របៅ ឃុំ គគីរ ស្រុកកៀនស្វាយ។

 

ឯកឧត្តម ហាក់ សុខមករា ក្នុងនាមឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក និងក្តីអាណិតអាសូរពន់ពេក។ ក្នុងនាមថ្នាក់ដឹកនាំខេត្ត ឯកឧត្តមបានសំដែងនូវការចូលរួមសោកស្តាយយ៉ាងក្រៃលែងចំពោះគ្រួសាររងគ្រោះដែលបានបាត់បង់នូវទ្រព្យសម្បត្តិ និងផ្ទះសម្បែង ដោយសារឧបទ្ទវហេតុគ្រោះអគ្គិភ័យឆាបឆេះ ហើយសូមឱ្យបងប្អូនទប់ចិត្តទប់អារម្មណ៍ ព្រោះហេតុការណ៍អ្វីៗវាបានកន្លងហួសផុតទៅហើយ ប្រការសំខាន់គឺជីវិតរបស់យើងបាននៅរស់រាន និងប្រកបរបររកស៊ីបន្តចិញ្ចឹមក្រុមគ្រួសារឡើងវិញ ដើម្បីរស់នៅបានសមរម្យក្នុងសង្គមជាតិ។

 

ឯកឧត្តមបានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាមានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះករណីការប្រើប្រាស់បណ្តាញអគ្គិសនី នៅតាមគេហដ្ឋាន ត្រូវតបណ្តាញតាមបែបបទបច្ចេកទេសត្រឹមត្រូវ ដើម្បីចៀសវាងការឆ្លងចរន្តអគិ្គសនី ហើយបណ្តាលឱ្យមានជួបនូវគ្រោះអគ្គិភ័យឆាបឆេះផ្ទះសម្បែងដោយយថាហេតុ តួយ៉ាងដូចក្នុងករណីពេលនេះជាដើម។

 

សូមបញ្ជាក់ថា៖ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង១រសៀល មានគ្រោះអគ្គិភ័យមួយបានកើតឡើង បណ្តាលឱ្យឆេះផ្ទះប្រជាពលរដ្ឋអស់ទាំងស្រុង ចំនួន ១ខ្នង និង១ខ្នងទៀតរងផលប៉ះពាល់ប្រមាណ ២០ភាគរយ នៅភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ។ អគ្គិភ័យនេះ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី តែពុំមានផលប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ។ ក្នុងនោះអំណោយមនុស្សធម៌ដែលប្រតិភូសាខា បានផ្តល់ជូនគ្រួសាររងគ្រោះទាំង២ក្នុង ១គ្រួសារទទួលបាន៖ អង្ករ ៥០គីឡូក្រាម ,មី ១កេស ,ទឹកត្រី ១យួរ ,ទឹកស៊ីអុីវ ១យួរ ,ទឹកសុទ្ធ ២កេស ,ត្រីខ ១យួរ ,ឃីត ១កញ្ចប់ ,កៅស៊ូតង់ ១ផ្ទាំង សម្ភារផ្ទះបាយ ១ឈុត។ ដោយឡែកចំពោះប្រជាពលរដ្ឋ ១គ្រួសារដែលរងគ្រោះឆេះផ្ទះអស់ទាំងស្រុងជូនថវិកា ១លានរៀល។ ចំពោះ១គ្រួសារទៀត ដែលរងផលប៉ះពាល់ឆេះប្រមាណ២០% សាខាកាកបាទក្រហមកម្ពុជាខេត្តឧបត្ថម្ភថវិកាចំនួន ៥០ម៉ឺនរៀល។ ក្នុងពេលជាមួយគ្នានេះផងដែរអនុសាខាស្រុក បានផ្ដល់ជូនគ្រួសាររងគ្រោះឆេះផ្ទះទាំងស្រុង ១គ្រួសារ មាន អង្គរ ១០០គីឡូក្រាម ទឹកសុទ្ធ ២កេស ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ២យួរ និងថវិកាចំនួន ៨០ម៉ឺនរៀល និងគ្រួសាររងគ្រោះដោយអន្លើរ អង្ករ ៥០គីឡូក្រាម ,ទឹកសុទ្ធ ១កេស ,ទឹកត្រី ១យួរ ,ទឹកស៊ីអុីវ ១យួរ និងថវិកា ៤០ម៉ឺនរៀល។ ក្រុមកាកបាទក្រហមឃុំគគីរ ឧបត្ថម្ភជូនគ្រួសារឆេះផ្ទះទាំងស្រុងថវិកា ៣០ម៉ឺនរៀល ,អង្ករ ៥០គីឡូក្រាម ,មី ៣កេស ,ទឹកសុទ្ធ ៣កេស ,ទឹកត្រី ១យួរ ,ទឹកស៉ីអ៉ីវ ១យួរ និងគ្រួសាររងផលប៉ះពាល់ ១គ្រួសារ ថវិកា ២០ម៉ឺនរៀល ,មី ២កេស ,ទឹកត្រី ១យួរ ,ទឹកស៉ីអ៉ីវ ១យួរ និងទឹកសុទ្ ធ ២កេស៕