ភូមិចំនួន០៩ ក្នុងឃុំពោធិ៍បាន ស្រុកកោះធំ បានបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋមកពិនិត្យពីភាពត្រឹមត្រូវពិតប្រាកដលើទិទិន្នន័យក្បាលដីរបស់ខ្លួន

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ ចំនួន ០៩ភូមិ គឺភូមិព្រែកម្រេញ ភូមិព្រែកហង់ ភូមិក្បាលជ្រោយ ភូមិថ្មី ភូមិព្រែកតាអ៊ិន ភូមិកំពង់គរ ភូមិព្រែកតាដុល ភូមិព្រែកតារ័ត្ន និងភូមិពោធិ៍បាន ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្ដាល ស្ថិតនៅបរិវេណវត្តពិជ័យសាគរ ដោយបានការអញ្ជើញចូលរួមពីបណ្ដាមន្ទីរ-អង្គភាពជុំវិញខេត្តផងដែរ។

មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានអោយដឹងថា៖ ដើម្បីពង្រឹងសុវត្ថិភាព នៃការកាន់កាប់ប្រើប្រាស់ដីធ្លីសមស្រប ទប់ស្កាត់ការកាន់កាប់ដីរដ្ឋខុសច្បាប់ និងកាត់បន្ថយទំនាស់ តាមយុទ្ធសាស្រ្តបច្ចកោកោណរបស់រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលជាកម្មវិធីមួយមានការរួមចំណែកកាត់បន្ថយភាពក្រីក្រ និងកំពុងអនុវត្តនូវផែនការសំខាន់ៗ នៃគោលនយោបាយដីធ្លី ក្នុងការកែទម្រង់រដ្ឋបាលដីធ្លី។

ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា៖ ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីជាលក្ខណះប្រព័ន្ធនេះមានរយៈពេល១៥ថ្ងៃដើម្បីអោយប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដីក្នុងតំបន់វិនិច្ឆ័យ មកត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ក្បាលដីរបស់ខ្លួនអោយបានត្រឹមត្រូវហើយប្រសិនបើមិនទាន់ត្រឹមត្រូវអាចប្តឹង ជំទាស់ដើម្បីសើរើពិនិត្យមើលឡើងវិញ ដូចជាឈ្មោះ ព្រំប្រទល់ក្បាលដី ប្រភេទទ្រព្យជាដើម។

ឯកឧត្តមអភិបាលរងខេត្តក៏បានបញ្ជាក់ទៀតថា៖ការបិទផ្សាយនៃការចុះបញ្ចីដីធ្លីនាពេលនេះ គឺជាផ្នែកមួយក្នុងចំណោមកិច្ចការជាច្រើនរបស់រាជរដ្ឋាភិបាលដែលបង្ហាញពីការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ក្នុងជីវភាពរស់នៅ និងបង្កើនសុវត្ថិភាពលើការកាន់កាប់ប្រើ ប្រាស់ដីធ្លី និងសិទ្ធិសេរីភាពក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ ផ្អែកលើប័ណ្ណកម្មសិទ្ធិដែលទទួលបាន។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលរងខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ជាពិសេសប្អូនៗក្មួយៗដែលប្រើប្រាស់បណ្ដាញសង្គម ទូទាំងស្រុកកោះធំ សូមរក្សាភាពស្ងៀមស្ងាត់ និងចូលរួមគាំទ្រ ទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាល ក្នុងការលើកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ ទៅតុលាការយុត្តិធម៌ អន្តរជាតិ សូមជួយគាំទ្រដល់ កងទ័ពដែលឈរជើងនៅព្រំដែន និងសូមឱ្យមានការប្រុងប្រយ័ត្ន ការផ្សព្វផ្សាយព័ត៌មានមិនពិត លើបណ្តាញសង្គម នាំឱ្យមានការញុះញង់ អុចអាល ដែលនាំឱ្យមាន ការរើសអើងពូជសាសន៍ និងអាចបង្កឱ្យមាន អស្ថិរភាព និងអសន្តិសុខសង្គម។

តាមរបាយការណ៍របស់ លោក ទៀង កុស្យារ: អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល បានឱ្យដឹងថា៖ សម្រាប់ប្រជាពលរដ្ឋក្នុងភូមិទាំង០៩ ដែលមន្ទីរបិទផ្សាយជូនដល់ប្រជាពលរដ្ឋពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យនាពេលនេះ មានក្បាលដីសរុបមានចំនួន សរុបមានចំនួន ៩ ២៩០ក្បាលដី។