លោកបណ្ឌិត ឃួន សុវណ្ណ នាំយកទេយ្យទានប្រគេនព្រះសង្ឃក្នុងពិធីកាន់បិណ្ឌវេនទី១១ នៅវត្តតាគត ខេត្តព្រៃវែង

លោកបណ្ឌិត ឃួន សុវណ្ណ នាំយកទេយ្យទានប្រគេនព្រះសង្ឃក្នុងពិធីកាន់បិណ្ឌវេនទី១១ នៅវត្តតាគត ខេត្តព្រៃវែង

 

(ព្រៃវែង)៖ លោកបណ្ឌិត ឃួន សុវណ្ណ ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តំណាងឲ្យលោក ប៉ុក វណ្ណា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានឃុំសំរោង ព្រមទាំងសហការី នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញនាំយកទេយ្យទាន និងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃគង់នៅវត្តសាមគ្គីខេមរាម (ហៅវត្តតាគត) ភូមិតាគត ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ពិធីនេះ ត្រូវបានប្រារព្ធឡើងក្នុងឱកាសវេនកាន់បិណ្ឌទី១១ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណីជាតិដ៏សំខាន់របស់កម្ពុជា។

ក្នុងឱកាសនោះ លោកបណ្ឌិត ឃួន សុវណ្ណ បានថ្លែងបញ្ជាក់ពីសារៈសំខាន់ នៃពិធីបុណ្យកាន់បិណ្ឌ ដែលជាពិធីបុណ្យសាសនាដ៏ធំមួយ ដែលប្រជាពលរដ្ឋខ្មែរគ្រប់រូបតែងតែគោរពប្រណិប័តន៍យ៉ាងខ្ជាប់ខ្ជួន ដើម្បីរំលឹក និងឧទ្ទិសកុសលផលបុណ្យដល់សាច់ញាតិ មាតាបិតា បុព្វការីជន ដែលបានលាចាកលោកទៅកាន់លោកខាងមុខ។

លោកបណ្ឌិតបានបន្តថា ក្នុងឱកាសនេះ ប្រជាពលរដ្ឋភាគច្រើនបាននាំយកម្ហូបអាហារ ផ្លែឈើ និងនំចំណីផ្សេងៗ ទៅប្រគេនដល់ព្រះសង្ឃនៅតាមវត្តអារាមនានា ដើម្បីជាការបូជាចំពោះព្រះពុទ្ធសាសនា និងជាការធ្វើបុណ្យកុសល។

ជាមួយគ្នានេះ លោកបណ្ឌិតក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមអញ្ជើញទៅត្រួតពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានត្រឹមត្រូវតាមការកំណត់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីត្រៀមខ្លួនចូលរួមបោះឆ្នោតនាពេលខាងមុខ និងគាំទ្រគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់ទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី៕