ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំកិច្ចប្រជុំពង្រឹងសមត្ថភាពជំនាញក្នុងការបង្ក្រាបបទល្មើស និងការប្រមូលព័ត៌មានឱ្យកាន់តែមានប្រសិទ្ធភាព! 

 

នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំដ៏សំខាន់មួយ ដើម្បីពង្រឹងសមត្ថភាពរបស់កម្លាំងជំនាញក្នុងការបង្ក្រាបបទល្មើស និងការប្រមូលព័ត៌មានឱ្យកាន់តែមានប្រសិទ្ធភាព។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ណែនាំ និងរំលឹកយ៉ាងម៉ឺងម៉ាត់អំពីវិន័យ សណ្តាប់ធ្នាប់ និងក្រមសីលធម៌ការងាររបស់កងកម្លាំង ព្រមទាំងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តពង្រឹងតួនាទី និងភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ ក្នុងការបង្ការ បង្ក្រាប និងសង្គ្រោះ ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ការពង្រឹងជំនាញទាំងនេះ គឺជាកត្តាចាំបាច់ក្នុងការទប់ស្កាត់ និងដោះស្រាយរាល់បទល្មើសគ្រប់ប្រភេទ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

កិច្ចប្រជុំនេះក៏បានពិភាក្សាលម្អិតអំពីយុទ្ធសាស្ត្រ និងបច្ចេកទេសថ្មីៗក្នុងការប្រមូល និងវិភាគព័ត៌មានសន្តិសុខ ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍នៃបទល្មើសនានា។ លោកឧត្តមសេនីយ៍ឯក បានជំរុញឱ្យកងកម្លាំងទាំងអស់បង្កើនការយកចិត្តទុកដាក់លើការងារស៊ើបអង្កេត និងការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ ដើម្បីប្រយុទ្ធប្រឆាំងនឹង បទល្មើសគ្រឿងញៀន បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសផ្សេងៗទៀត៕