កំពង់ស្ពឺ៖លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅវេលាម៉ោង៩.១០នាទីព្រឹក នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ក្រោមស្មារតីមនុស្សធម៏ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការចូលរួមពីក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ព្រមទាំងមានការចូលរួមដោយស្ម័គ្រចិត្តពីក្រុមការងារកាកបាទក្រហមសាខាខេត្តកំពង់ស្ពឺ បន្តចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលត្រូវបានអគ្គិភ័យឆាបឆេះផ្ទះសំបែងអស់មួយគ្រួសារ និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត កំពុងជួបការលំបាក ចាស់ជរា ព្រមទាំងមានជំងឺប្រចាំកាយចំនួន០៣គ្រួសារបន្ថែមទៀត ស្ថិតក្នុងភូមិស្លែង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
គ្រួសារដែលត្រូវបានអគ្គិភ័យឆាបឆេះផ្ទះសំបែងមានឈ្មោះ ហ៉ឺ ប៊ុនសៀង ភេទប្រុស អាយុ៥៨ឆ្នាំ និងមានប្រពន្ធឈ្មោះ អ៉ី ងួន អាយុ៥២ឆ្នាំ ដោយបច្ចុប្បន្នរស់នៅក្នុងភូមិស្លែង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ពិតជាដូចពាក្យចាស់លោកពោលថា(ស៊ូលិចទូកកណ្តាលទន្លេ កុំអោយតែភ្លើងឆេះផ្ទះ) គឺឆេះគ្មានសល់អ្វីទេ ទ្រព្យសម្បត្តិ សម្ភារៈផ្សេងៗ និងវត្ថុមានតម្លៃ ដែលបានខិតខំប្រឹងប្រែងរកទាំងក្តីលំបាក កើតចេញមកពីញើសឈាម ត្រូវបានរលាយក្លាយជាផេះ គ្មានសល់ត្រឹមតែមួយពព្រិចភ្នែកប៉ុណ្ណោះ។
ក្នុងពេលសួរសុខទុក្ខនោះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ រួមជាមួយនិងក្រុមការងារអមដំណើរជាមួយបាន សំណេះសំណាលជាមួយក្រុមគ្រួសារគាត់ដោយក្តីអាណិតអាសូរពន់ពេក ក្រោមស្មារតីមនុស្សធម៏ ខ្មែរស្រលាញ់ ជួយគ្នាក្នុងគ្រាលំបាក លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានឧបត្ថម្ភជាថវិការមួយចំនួន ៣០០.០០០រៀល និងសម្ភារៈមួយចំនួន ព្រមទាំងគ្រឿងឧបភោគបរិភោគរួមមាន÷អង្ក ១បាវ ៥០Kg,មី ២កេស,ទឹកសុទ្ធ ២កេស,ភេសជ្ជៈ ២កេស,ទឹកត្រី ២យួរ,ទឹកស៉ីអ៉ីវ ២យួរ,ត្រីខ ២យួរ,ភួយ ៣,ខ្នើយ ៣ និងកន្ទេលចំនួន ថែមទៀតផង។
ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដោយមើលឃើញជាក់ស្តែង ពីការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ព្រមទាំងចាស់ជរាចំនួន០៣គ្រួសារ ដែលគ្រួសារទី១ ចាស់ជរា ឧបត្ថម្ភថវិកាចំនួន៤០,០០០រៀល,គ្រួសារទី២ មានកើតជំងឺពកក ឧបត្ថម្ភថវិការចំនួន ២០០,០០០រៀល និងគ្រួសារទី៣ មានជីវភាពក្រីក្រខ្វះខាតឧបត្ថម្ភថវិការចំនួន១០០,០០០រៀល ដែលសរុបជាថវិការទាំងអស់រួមនិងសម្ភារៈចាំបាច់មួយចំនួន ព្រមទាំងគ្រឿងឧបភោគបរិភោគអស់ចំនួន ១,២៨០.០០០រៀលផងដែរ៕
គួររំលឹកផងដែរថា លោកឧត្តមសេនីយត្រី ម៉េង ស្រ៊ុន មេបញ្ជាការ តែងតែបរិច្ចាកនូវថវិការផ្ទាល់ខ្លួន និងធ្វើការចែករំលែកស្បៀងអាហារ សម្លៀកបំពាក់ ធ្វើទីជម្រកសម្រម និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗ ដល់បងប្អូនប្រជាពលរដ្ឋគ្រួសារណាដែលមានជីវភាពខ្វះខាត និងជួបការលំបាកខ្លាំងក្នុងជីវភាពរស់នៅប្រចាំថ្ងៃក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ និងក្នុងមូលដ្ឋានតាមបញ្តាខេត្តផ្សេងៗទៀតផង។ដោយក្នុងសកម្មភាពមនុស្សធម៌ដ៏ឧត្តុង្គឧត្តមបានបង្ហាញពីក្តីមេត្តាករុណា និងសាមគ្គីភាពក្នុងសង្គម ពិសេសបានបណ្តុះស្មារតីសាមគ្គីភាព និងសេចក្តីស្រឡាញ់រវាងមនុស្សជាតិថែមទៀតផង៕

