ខេត្តកណ្តាល៖ ឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់ និងតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលា និងបុកគ្រឹះសាងសង់អាគារសិក្សាមួយខ្នង កម្ពស់៣ជាន់ មានចំនួន១៨បន្ទប់ នៅវិទ្យាល័យហ៊ុនសែន ព្រែកលួង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន នារសៀលថ្ងៃសៅរ៍ ១១រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦នេះ នៅក្រុងអរិយក្សត្រ ខេត្តកណ្តាល។
ពិធីដ៏ឱឡារិកនេះ មានវត្តមានអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់លោក ចាន់ តារា អភិបាលនៃគណៈអភិបាលក្រុងអរិយក្សត្រ លោកអភិបាលរង មន្ត្រីរាជការនៃរដ្ឋបាលក្រុងអរិយក្សត្រ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហម យុវជនកាយរិទ្ធិកម្ពុជា បងប្អូនប្រជាពលរដ្ឋ ការនិមន្តចូលរួមពីសំណាក់ព្រះសង្ឃ ព្រមទាំងពុទ្ធបរិស័ទ្ធ សរុបប្រមាណ ១៥០អង្គ-នាក់។
ក្នុងពិធីបញ្ចុះបឋមសិលា ឯកឧត្តម ភឺន ផល្លា បានសម្តែងការអបអរសាទរ ដែលទទួលបាននូវសមិទ្ធផលថ្មីបន្ថែមទៀត ដែលនឹងចូលរួមចំណែកជំរុញការអភិវឌ្ឍវិស័យអប់រំ ក៏ដូចជាការអភិវឌ្ឍមូលដ្ឋាន ក្នុងប្រទេសកម្ពុជា និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ ឯកឧត្តម បានគូសបញ្ជាក់អំពីការអភិវឌ្ឍ និងការរីកចម្រើននានាលើគ្រប់វិស័យ ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព នានីតិកាលកន្លងមក ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាសន្តិភាពនៃកម្ពុជា អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងក្រោមការដឹកនាំបន្តវេនប្រកបដោយថាមវន្តរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅឈានទៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ។ ក្នុងនាមជាជំនួយការផ្ទាល់របស់សម្តេចតេជោ ឯកឧត្តមនឹងខិតខំប្រឹងប្រែងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីឱ្យមានការរីកចម្រើនក្នុងសន្ទុះយ៉ាងលឿន តាមយុទ្ធសាសន៍ដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ជាចុងក្រោយ ឯកឧត្តម ភឺន ផល្លា និងលោក ចាន់ តារា ព្រមទាំងគណៈអធិបតី បានអញ្ជើញ បញ្ចុះបឋមសិលា និងបុកគ្រឹះសាងសង់អាគារសិក្សាមួយខ្នង កម្ពស់៣ជាន់ មានចំនួន១៨បន្ទប់ នៅវិទ្យាល័យហ៊ុនសែន ព្រែកលួង ជានិមិត្តរូបនៃការបើកការដ្ឋានសាងសង់ជាផ្លូវការ ៕